សោកស្ដាយ! ដំរីទេសចរណ៍ឈ្មោះ សំបូរ ដែលគេស្គាល់ទូទៅថា «ដំរីវត្តភ្នំ» បានងាប់ហើយ

 


(ភ្នំពេញ)៖ ដំរីទេសចរណ៍ឈ្មោះ សំបូរ ដែលគេស្គាល់ជាទូទៅថា «ដំរីវត្តភ្នំ»នោះពេលនេះវាបានងាប់ហើយ កាលពីយប់មិញនេះ នៅខេត្តមណ្ឌលគិរី ដែលជាកន្លែងចូលនិវត្តន៍ចុងក្រោយរបស់វា។នេះបើយោងតាម បណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក របស់ Amazing Cambodia។ 

តាមហ្វេសប៊ុក Amazing Cambodia បានបញ្ជាក់ថា មូលហេតុនៃការងាប់ គឺដោយសារវាឆ្លងជំងឺធ្មេញ បណ្តាលឱ្យសុខភាព​​​ចុះទ្រុឌទ្រោម​​​​​ខ្លាំងរយៈពេលមួយខែចុងក្រោយនេះ។

ជឿជាក់ថា ប្រជាជនកម្ពុជានិងភ្ញៀវទេសចរបរទេសជាច្រើនសុទ្ធតែមានអនុស្សាវរីយ៍ជាមួយដំរីមួយនេះ ព្រោះវាបម្រើវិស័យ​​​ទេសចរណ៍​​​ក្នុងស្រុកជាយូរឆ្នាំរហូតដល់វ័យចូលនិវត្តន៍ក្នុងឆ្នាំ២០១៤ ហើយវាក៏ជាដំរីដ៏ចំណាស់នៃកម្ពុជា (អាយុ ៦៣ឆ្នាំ) ដែលបានរស់រួចផុតពីរបបខ្មែរក្រហមផងដែរ។

សូមបញ្ជាក់ថា ដំរីឈ្មោះសំបូរនេះ ត្រូវគេស្គាល់ទាំងលក្ខណៈជាតិនិងអន្តរជាតិ។ វាតែងតែបង្ហាញវត្តមាននៅរមណីយដ្ឋានវត្តភ្នំ​​​រៀងរាល់ថ្ងៃដើម្បីរង់ចាំដឹកភ្ញៀវទេសចរណ៍ដែលទៅកំសាន្តនៅទីនោះ។ វាបានរស់នៅជាមួយលោក ស៊ិន ស៊ន ក្នុងអំឡុងសម័យ​​​សង្គមរាស្ដ្រនិយមរហូតដល់សម័យកម្ពុជាប្រជាធិបតេយ្យរបស់ពួកខ្មែរក្រហម។នៅសម័យនោះពួកខ្មែរក្រហមបានដកហូតសត្វចតុបាតនេះទុក។លុះដល់របបខ្មែរក្រហមបានដួលរលំ លោកស៊ន ដែលអាយុបងសត្វដំរីនេះត្រឹមបីឆ្នាំ បានស្វែងរកដំរីនេះឡើងវិញ​​​ហើយបានយកម​​​​កចិញ្ចឹមនិងបានប្រើវាក្នុងការដឹកជញ្ជូនភ្ញៀវទេសចរណ៍កំសាន្តនៅជុំវិញវត្តភ្នំ ចាប់តាំងពីទសវត្សរ៍​​​១៩៨០មកម្ល៉េះ។

ជារៀងរាល់ថ្ងៃដំរីនេះបានរកចំណូលជាមធ្យមចំនួន២០ដុល្លារសម្រាប់លោក ស៊ិន ស៊ន។ប៉ុន្តែមុនចូលនិវត្តន៍សំបូរ បានសម្រាកនៅផ្ទះរបស់លោកអស់រយៈពេលជិតពីរឆ្នាំមកហើយដោយសារសំបូរឈឺជើងមុខខាងស្តាំ។ ការវិលទៅ​​​រកជីវិតក្នុងធម្មជាតិវិញរបស់សំបូរ កើតឡើងក្រោមការជួយគាំពាររបស់ទីភ្នាក់ងារសហរដ្ឋអាមេរិ​កដើម្បីកិច្ចអភិវឌ្ឍន៍​​អន្តរជាតិ (USAID)។

ពាក់ព័ន្ធជាមួយសត្វដំរីនេះផងដែរ លោកJack Highwood ប្រធានកម្មវិធីនៃអង្គការការពារសត្វដំរីELIEបានបញ្ជាក់ថា សត្វដំរីនៅប្រទេសកម្ពុជា បានថយចុះពីចំនួនរាប់ពាន់ក្បាល នៅសល់ត្រឹមតែប្រមាណជាង៤០០ក្បាលនាពេលបច្ចុប្បន្ន ដោយសារតែការបាត់បង់ជម្រកបណ្តាលមកពីការកាប់បំផ្លាញព្រៃឈើជាពិសេស៕





Post a Comment

Previous Post Next Post