លោក បៃដិន ស្នើសុំលុយបន្ថែមពីសភាទុកសម្រាប់ជួយ អ៊ីស្រាអែល និងអ៊ុយក្រែន


 ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកនឹងបញ្ជូនសំណើសុំថវិកាបន្ថែមទៀតទៅកាន់សភាអាមេរិក ទុកសម្រាប់ជួយដល់ប្រទេសអ៊ុយក្រែន និងអ៊ីស្រាអែលដែលសុទ្ធសឹងតែជាប់ដៃធ្វើសង្គ្រាមដូចគ្នា ។

នៅក្នុងសុន្ទរកថាថ្លែងទៅកាន់ប្រទេសជាតិ លោក បៃដិន បានលើកឡើងថា “ប្រសិនបើរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបញ្ឈប់ការផ្ដល់ជំនួយរបស់ខ្លួនទៅដល់ប្រទេសទាំងនេះ វានឹងធ្វើឲ្យប៉ះពាល់ដល់សន្តិសុខរបស់សហរដ្ឋអាមេរិក ជាពិសេសប្រទេសជាដៃគូផ្សេងទៀតលែងចង់ធ្វើការជាមួយយើងហើយ” ។

លោក បៃដិន បាននិយាយថា “នោះហើយជាមូលហេតុដែលថ្ងៃទី២០ ខែតុលា ខ្ញុំនឹងបញ្ជូនសំណើសុំថវិកាបន្ទាន់បន្ថែមទៀតទៅកាន់សភាដើម្បីផ្ដល់មូលនិធិដល់តម្រូវការសន្តិសុខជាតិរបស់អាមេរិក ក៏ដូចជាដើម្បីគាំទ្រដល់ដៃគូសំខាន់ៗរបស់យើង រួមទាំងអ៊ីស្រាអែល និងអ៊ុយក្រែនផងដែរ” ។

ទន្ទឹមនោះ លោកប្រធានាធិបតីក៏បានពិពណ៌នាអំពីជំនួយរបស់សហរដ្ឋអាមេរិកដែលផ្ដល់ទៅឲ្យប្រទេសទាំងនោះថាជា “ការវិនិយោគដ៏ឆ្លាតវៃ” ហើយវានឹងជាភាគលាភសម្រាប់សន្តិសុខអាមេរិក តជំនាន់ជាច្រើនទៀត ។

ស្របពេលជាមួយគ្នានេះ លោក បៃដិន ក៏បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ទៅកាន់ប្រទេសជាតិ ដើម្បីបង្ហាញពីភាពត្រឹមត្រូវនៃជំនួយយោធានាពេលអនាគតដល់អ៊ុយក្រែន និងអ៊ីស្រាអែលផងដែរ ។

លោកបញ្ជាក់ថា “អនុញ្ញាតឲ្យខ្ញុំច្បាស់លាស់អំពីរឿងអ្វីមួយ ។ ជាដំបូងយើងនឹងបញ្ជូនឧបករណ៍យោធាដែលមាននៅក្នុងស្តុករបស់យើងទៅឲ្យអ៊ុយក្រែន និងអ៊ីស្រាអែល ហើយនៅពេលដែលយើងបើកប្រាក់បានពីសភារួចហើយ យើងនឹងបន្តផ្ដល់សម្ភារៈយោធាថ្មីៗដែលផលិតនៅអាមេរិកបន្ថែមទៀតទៅឲ្យពួកគេ” ៕



Post a Comment

Previous Post Next Post